តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ James Banks

ដើរទៅមុខយ៉ាងពិបាក

ព្រះ​ទ្រង់​ចូល​ចិត្ត​ប្រើ​មនុស្ស ដែល​លោកិយ​អាច​មើល​រំលង។ លោក​វីលៀម ខារេយ(William Carey) បាន​ទទួល​ការ​ចិញ្ចឹម​បី​បាច់ ក្នុង​ភូមិ​តូច​មួយ កាល​ទី​ទសវត្សរ៍​ឆ្នាំ១៧០០ ហើយ​បាន​ទទួល​ការ​អប់​រំក្នុង​ប្រព័ន្ធ​តិច​តួច។ គាត់​មានជោគ​ជ័យ​បន្តិច​បន្តួច ក្នុង​មុខ​ជំនួញ​ដែល​គាត់​បាន​ជ្រើស​រើស ហើយ​បាន​រស់​នៅ​ក្នុង​ភាព​ក្រី​ក្រ។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​បានប្រទាន​ឲ្យ​គាត់​មាន​ចិត្ត​ចង់​ផ្សាយ​ដំណឹង​ល្អ ហើយ​ក៏​បាន​ត្រាស់​ហៅ​គាត់ ឲ្យ​ធ្វើ​ការ​ជា​បេសក​ជន។ លោក​ខេរេយក៏​បាន​រៀន​ភាសា​ក្រិក ហេព្រើរ និង​ឡាតំាង ហើយ​ទី​បំផុត ក៏​បាន​បក​ប្រែ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ទៅ​ជា​ភាសា​បង់កាលី នៅ​ប្រទេស​ឥណ្ឌា។ សព្វ​ថ្ងៃ​នេះ គេ​បាន​ចាត់​ទុក​គាត់ ជា “ឪពុក​នៃ​ការងារ​បេសក​កម្ម​សម័យ​ទំនើប” ប៉ុន្តែ ក្នុង​សំបុត្រ​មួយ​ច្បាប់ ដែល​គាត់​បាន​សរសេ​ផ្ញើ​ទៅ​ក្មួយ​ប្រុស​របស់​គាត់ គាត់​បាន​និយាយ​ដោយ​បន្ទាប​ខ្លួន អំពី​សមត្ថភាព​របស់​គាត់​ថា​ “​ខ្ញុំ​អាចដើរ​ទៅ​មុខ​យឺត​ៗ យ៉ាង​ពិបាក។ ខ្ញុំ​អាច​ស៊ូទ្រំា”។​

ពេល​ណា​ព្រះ​ជា​ម្ចាស់​ត្រាស់​ហៅ​យើង ឲ្យ​ធ្វើ​កិច្ចការ​អ្វី​មួយ ព្រះ​អង្គ​ក៏​ប្រទាន​យើង នូវ​កម្លាំង ដើម្បី​សម្រេច​កិច្ចការ​នោះ ទោះ​យើង​មាន​ចំណុច​ខ្វះ​ខាត​យ៉ាង​ណា​ក៏​ដោយ។ ក្នុង​បទ​គម្ពីរ​ពួក​ចៅ​ហ្វាយ ៦:១២ ទេវតា​នៃ​ព្រះ​អម្ចាស់​បាន​លេច​មកឲ្យ​លោក​គេឌាន​ឃើញ ហើយ​ក៏​បាន​ប្រាប់​គាត់​ថា “នែ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះយេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ឯង”។ បន្ទាប់មក ទេវតា​ក៏​បាន​ប្រាប់​គាត់ ឲ្យ​សង្រ្គោះ​ពួក​អ៊ីស្រាអែល ឲ្យ​រួច​ពី​សាសន៍​ម៉ាឌាន ដែល​កំពុង​តែ​ចូល​លុក​លុយ​ទី​ក្រុង និង​ស្រែ​ចំការ​ពួក​គេ។ ប៉ុន្តែ លោក​គេឌាន ដែល​មិន​បាន​គិត​ថា​ខ្លួន​ជា​អ្នក​ក្លាហាន ក៏​បាន​ឆ្លើយ​តប​ថា “ឱ​ព្រះអម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ទូលបង្គំ​ជួយ​សង្គ្រោះ…

មិត្តភក្តិដែលបានធ្វើខុស

កាល​ពី​ថ្ងៃទី​២៧ ខែ​វិច្ឆិការ ឆ្នាំ១៩៣៩ អ្នក​ស្វែង​រក​កំណប់ បាន​ទៅ​ជីក​កាយ​ថ្នល់​កៅ​ស៊ូ នៅ​ក្រៅ​រង្គ​មណ្ឌល​ហូលីវូត បូល ក្នុង​តំបន់​ខាង​ត្បូង​នៃ​រដ្ឋ​កាលីហ្វូញ៉ា ដោយ​មាន​អ្នក​ថត​សកម្មភាព​នៃ​ការ​ជីក​កំណប់​នោះ​ ធ្វើ​ជា​វីដេអូ​ឯក​សារ។​ ពួក​គេ​បាន​ស្វែង​រក​កំណប់របស់ខាន​ហុង​ហ្កាផាស ដែល​មាន​មាស ពេជ្យ និង​គុជ​ខ្យង ព្រោះ​មាន​ពាក្យ​ចចាម​អារាម​ថា កាល​ពី​៧៥​ឆ្នាំ​មុន គេ​បាន​កប់​វា​នៅ​កន្លែង​នោះ។​ ពួក​គេ​រក​កំណប់​នោះ​មិន​ឃើញ​ឡើយ។ បន្ទាប់​ពី​ការ​ជីក​កាយ​អស់២៤​ថ្ងៃ ពួក​គេ​ក៏​បាន​ជីក​ប៉ះ​ថ្មធំ​មួយ​ផ្ទាំង ហើយ​ពួក​គេ​ក៏​បាន​ឈប់​ជីក​ទៀត។ អ្វី​ដែល​ពួក​គេ​សម្រេច​បាន គឺ​រណ្តៅ​ដែលមាន​ទទឹង​ជិត​៣​ម៉ែត្រ និង​ជម្រៅ​ជិត​១៣​ម៉ែត្រ។ ពួក​គេ​ក៏​បាន​ដើរ​ចេញ​ដោយ​ការ​សោក​ស្តាយ។​

វា​ជា​រឿង​ធម្មតា​ទេ ដែល​មនុស្ស​យើង​មាន​កំហុស នៅ​ពេល​ខ្លះ។ ព្រះ​គម្ពីរ​ប៊ីប​បាន​ចែង​ថា យុវជន​ម្នាក់​ឈ្មោះ​ម៉ាកុស បាន​ចាក​ចោល​សាវ័ក​ប៉ុល និង​​លោក​បាណាបាស ក្នុង​ដំណើរ​បេសក​កម្ម​នោះ  “ហើយ​មិន​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​ទៀត”។ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​មិន​ចង់​យក​គាត់​ទៅ​ជា​មួយ ក្នុង​ការ​ធ្វើ​ដំណើរ​លើក​ក្រោយ​ឡើយ (កិច្ចការ ១៥:៣៨) ហើយការ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា ជា​មួយ​លោក​បាណាបាស។

លោក​ម៉ាកុស​បាន​បរាជ័យ កាល​ពីដំបូង ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គាត់​ក៏​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​អស្ចារ្យ។ ហេតុ​នេះ​ហើយ ពេល​ដែល​សា​វ័កប៉ុល​កំពុង​មាន​ភាព​ឯកោ នៅ​ក្នុង​គុក មុន​ពេល​គាត់​អស់​ជីវិត គាត់​បាន​សុំ​គេ​ឲ្យ​យក​លោក​ម៉ាកុស​ទៅ​ជា​មួយ ហើយ​បានមាន​ប្រសាសន៍​ថា “លោក​ម៉ាកុស​មាន​ប្រយោជន៍​នៅ​ក្នុង​ការងារ​របស់​គាត់”(២ធីម៉ូថេ ៤:១១)។ ព្រះ​ជា​ម្ចាស់​ថែម​ទាំង​បាន​បណ្តាល​ចិត្ត​លោក​ម៉ាកុស ឲ្យ​និពន្ធ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាកុស​ទៀត​ផង។

ទី​បន្ទាល់​នៃ​ជីវិត​របស់​លោក​ម៉ាកុស បាន​បង្ហាញ​យើង​ថា ព្រះ​ជា​ម្ចាស់​មិន​ទុក​ឲ្យ​យើង​ប្រឈម​មុខ​ដាក់​កំហុស និង​បរាជ័យ​របស់​យើង…

ក្តីសង្ឃឹម សម្រាប់ការប្រោសលោះ

គេ​ជឿ​ថា បុរស​ម្នាក់​នោះ​ហាក់​ដូច​ជា​មិន​អាច​ទទួល​ការ​ប្រោស​លោះ​របស់​ព្រះ​បាន​ទេ។ បទ​ឧក្រឹដ្ឋ​របស់​គាត់ គឺ​រាប់​បញ្ចូលការ​បាញ់​ប្រហារ​៨​លើក​(ដែល​បាន​សម្លាប់​មនុស្ស​៦​នាក់) និង​បង្ករ​អគ្គី​ភ័យ​១៥០០​ករណី ដែល​ធ្វើ​ឲ្យ​ទីក្រុង​ញូយ៉ក​មានការ​តក់​ស្លត់​យ៉ាង​ខ្លាំង កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០។ គាត់​បាន​បន្សល់​ទុក​នូវ​សំបុត្រ នៅ​កន្លែង​ដែល​គាត់​បាន​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ដែល​ជា​ការ​ឡក​ឡឺយ​ដល់​ប៉ូលីស ហើយទី​បំផុត គេ​ក៏​ចាប់​ខ្លួន​គាត់​បាន និង​បាន​កាត់​ទោស​គាត់​ជា​បន្ត​បន្ទាប់ ឲ្យ​ជាប់​ទៅ​២៥​ឆ្នាំ​អស់​មួយ​ជីវិត សម្រាប់​ឃាត​កម្ម​នីមួយ​ៗ​ដែល​គាត់​បាន​ប្រព្រឹត្ត។​

ប៉ុន្តែ ព្រះ​ទ្រង់​នៅ​តែ​ឈោង​មក​រក​បុរស​ម្នាក់​នេះ។ សព្វ​ថ្ងៃ​នេះ គាត់​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ ដែល​បាន​ចំណាយ​ពេល​រៀង​រាល់ថ្ងៃ រៀន​ព្រះ​គម្ពីរ។ គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ ហើយ​បាន​បន្ត​អធិស្ឋាន​ឲ្យ​ពួក​គេ។ គេ​គិត​ថា ព្រះ​ហាក់​ដូច​ជា​មិន​អាច​ប្រោស​លោះ​បុរស​ម្នាក់​នោះ​បាន​ឡើយ ប៉ុន្តែ ទោះ​គាត់​បានជាប់​គុក​ជាង​៤​ទសវត្សរ៍​ហើយ​ក្តី​ គាត់​នៅ​តែ​រក​ឃើញ​ក្តី​សង្ឃឹម​ក្នុង​ព្រះ ហើយ​បាន​ប្រកាស់​ថា “ខ្ញុំ​បាន​រក​ឃើញ​សេរី​ភាព ក្នុង​ព្រះ​យេស៊ូវ”។

ព្រះ​គម្ពីរ​បាន​ចែង អំពី​មនុស្ស​ម្នាក់ ដែល​មិន​ទំនង​ជា​អាច​ប្រែ​ចិត្ត​ជឿ​ព្រះ​ ។ មុន​ពេល លោក​សូល​បាន​ជួប​ព្រះ​គ្រីស្ទ​ដែលមាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ​នៅ​តាម​ផ្លូវ ទៅ​កាន់​ទីក្រុង​ដាម៉ាស់ គាត់​(ដែល​ក្រោយ​មក ក្លាយ​ជា​សាវ័ក​ប៉ុល) បាន​ធ្វើ​ការ​គំរាម​ថា នឹង​សម្លាប់​ពួក​សិស្ស​របស់​ព្រះ​អម្ចាស់​(កិច្ចការ ៩:១)។ ប៉ុន្តែ ចិត្ត និង​ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្រែ ដោយសារ​ព្រះ​យេស៊ូវ(ខ.១៧-១៨) ហើយ​គាត់​ក៏​ស្ថិត​ក្នុង​ចំណោម​ស្មរ​បន្ទាល់​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ​អង្គ ក្នុង​ប្រវត្តិ​សាស្រ្ត។ បុរស​ម្នាក់នេះ​ដែល​ធ្លាប់​តាម​សម្លាប់​គ្រីស្ទ​បរិស័ទ បាន​លះ​បង់​ជីវិត នៅ​ក្នុង​ការ​ផ្សាយ​អំពី​ក្តី​សង្ឃឹម នៃ​ដំណឹង​ល្អ។​

ជា​និច្ច​ជា​កាល  ការ​ប្រោស​លោះ គឺ​ជា​ការ​អស្ចារ្យ ដែល​ព្រះ​ទ្រង់​បាន​ធ្វើ ក្នុង​ជីវិត​មនុស្ស។…

អ្នកបញ្ចាំងពន្លឺ

នៅ​លើ​ឆក​នៃ​កោះ​ហាតេរ៉ាស ដែល​មាន​ទីតាំង​នៅ​ក្បែរ​តំបន់​ឆ្នេរ​នៃ​រដ្ឋ​ឃែរ៉ូឡៃណា​ខាង​ជើង សហរដ្ឋ​អាមេរិក មាន​ប៉ម​បញ្ចាំង​ពន្លឺ​មួយ ដែល​ជា​ទី​រំឭក​ដល់​អ្នក​ដែល​បាន​ធ្វើ​ការ​ក្នុង​ស្ថានីយ​បញ្ចាំង​ពន្លឺ តាំង​ពី​ឆ្នាំ​១៨០៣។ គេ​បាន​ហៅអ្នក​ទាំង​នោះ​ថា “អ្នក​បញ្ចាំង​ពន្លឺ”។ គេ​បាន​ផ្លាស់​ប្តូរ​ទីតាំង​របស់​សំណង់​អគារ​នោះ ឲ្យ​នៅ​ឆ្ងាយ​ពី​សមុទ្រ ដោយ​សារ​ខ្សែ​បន្ទាត់​ឆ្នេរ​មាន​ការ​សឹក​រីក​រិល ហើយ​មិន​យូរ​ប៉ុន្មាន គេ​ក៏​បាន​ឆ្លាក់​ឈ្មោះ​របស់​អ្នក​បញ្ចាំង​ពន្លឺ​ទាំង​នោះ នៅ​លើ​ថ្ម​របស់​គ្រឹះ​ចាស់ ដោយ​រៀប​ចំ​ផ្លាក​ឈ្មោះ​នោះ​ ឲ្យ​បែរ​មុខ​ទៅ​រក​ទីតាំង​ថ្មី។​ នៅ​លើ​ផ្លាក​នោះ គេ​ក៏​បាន​ឆ្លាក់អក្សរ​ដើម្បី​ពន្យល់​ថា ការ​រៀប​ចំ​ដូច​នេះ គឺ​ដើម្បី​ឲ្យ​អ្នក​ទស្សនា​ក្នុង​ពេល​សព្វ​ថ្ងៃ អាច​ដើរ​តាម​គំរូ​របស់​អ្នក​បញ្ចាំង​ពន្លឺ​ទាំង​នោះ ហើយ​ “ថែរក្សា” ប៉ម​បញ្ចាំង​ពន្លឺ​ផង​ដែរ។​

ព្រះយេស៊ូវ​ជា​អ្នក​ប្រទាន​ពន្លឺ។ ព្រះ​អង្គ​មាន​បន្ទូល​ថា “ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ”(យ៉ូហាន ៨:១២)។ ការ​អះ​អាង​របស់​ព្រះ​អង្គ​ត្រង់​ចំណុច​នេះ បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល។ ប៉ុន្តែ ព្រះ​​យេស៊ូវ​បាន​មាន​បន្ទូល​ដូច​នេះ ដើម្បី​បញ្ជាក់​ អំពី​ទំនាក់​ទំនង​ដែល​ព្រះ​អង្គ​មាន​ជា​មួយ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​ជា​អ្នក​បង្កើត​ពន្លឺ និង​ជីវិត និង​ជា​អ្នក​ចាត់ព្រះ​អង្គ​ឲ្យ​យាង​ចុះ​មក។

ពេល​ណា​យើង​ទទួល​សេចក្តី​សង្រ្គោះ​ពី​ព្រះ​យេស៊ូវ ហើយ​ដើរ​តាម​ការ​បង្រៀន​របស់​ព្រះ​អង្គ គឺ​មាន​ន័យ​ថា យើង​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ ហើយ​ព្រះ​អង្គ​ប្រទាន​ឲ្យ​យើង​មាន​អំណាច និង​គោល​បំណង​ថ្មី។ ព្រះ​ជន្ម និង​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ មាន​អំណាច​កែ​ប្រែ​ជីវិត​មនុស្ស និង​ជា “ពន្លឺ​សម្រាប់​មនុស្ស​ទាំង​អស់”(១:៤) ដែលបាន​ចែង​ចាំង​ក្នុង​យើង និង​តាម​រយៈ​យើង ចូល​ទៅ​ក្នុង​លោកិយ​ដែល​ងងឹត ហើយ​ពេល​ខ្លះ មាន​ពេញ​ទៅ​ដោយ​គ្រោះ​ថ្នាក់។​

ក្នុង​នាម​យើង​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​ក្លាយ​ជា “អ្នក​បញ្ចាំង​ពន្លឺ” ដល់​លោកិយ។…

ព្រះដែលទតឃើញទូលបង្គំ

គ្រួសារ​ខ្ញុំ​មាន​សត្វ​ឆ្កែ​មួយ​ក្បាល ឈ្មោះ “មែគ”(Max) ជា​ពូជ​ឆ្កែ​ប្រម៉ាញ់​ឡាប្រាដូ ដែល​មាន​ទម្ងន់​៤០​គីឡូ​ក្រាម។ មាន​ពេល​មួយ ភរិយា​ខ្ញុំ​បាន​បោះ​ជំហាន​ចូល​ក្នុង​ផ្ទះ​បាយ ហើយ​ក៏​បាន​លាន់​មាត់​ថា “អូហ៍ ទេ!”។ ភ្លាម​នោះ មែគ​ក៏បាន​ស្ទុះ​រត់​ចេញ​ពី​បន្ទប់​មក។ យើង​បាន​បាត់​ជើង​សត្វ​ចៀម​មួយ​ជំហៀង ដែល​យើង​បាន​ដាក់​នៅ​គែម​តុ​ចង្រ្កាន​បាយ។  មែគ​បាន​ស៊ី​ជើង​សត្វ​ចៀម​នោះ​អស់ ដោយ​បន្សល់​ទុក​ខ្ទះ​មួយ នៅ​ទទេ។ វា​បាន​ព្យាយាម​លាក់​ខ្លួន នៅក្រោម​គ្រែ​គេង ប៉ុន្តែ​ វា​អាច​ចូល​បាន​តែ​ក្បាល និង​ស្មា​របស់​វា​ប៉ុណ្ណោះ។ គូទ កន្ទុយ​វា​បាន​លយ​ចេញ​មក​ក្រៅ ដូចនេះ​ខ្ញុំ​ក៏​មិន​ពិបាក​ដើរ​រក​វា​ទេ។

ខ្ញុំ​ក៏​បាន​រអ៊ូ​ដាក់​វា​ថា “អូហ៍ មែក បាប​ឯង​តាម​ឯង​ទាន់​ហើយ”។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា​អំ​ពី​ប្រសាសន៍​របស់​លោក​ម៉ូសេ ពេល​ដែល​គាត់​បាន​បង្គាប់​ពួក​អ៊ីស្រាអែល ក្នុង​ពូជ​អំបូរ​ពីរ ឲ្យ​ស្តាប់​បង្គាប់​ព្រះ​ជា​ម្ចាស់ ហើយ​គោរព​ពាក្យ​សន្យា​របស់​ពួក​គេ។ គឺ​ដូច​ដែល​គាត់​បាន​ប្រាប់​ពួក​គេ​ថា “តែ​បើ​មិន​ព្រម​ធ្វើ​ដូច្នោះ​ទេ នោះ​នឹង​មាន​បាប​ចំពោះ​ព្រះយេហូវ៉ា​វិញ ហើយ​ត្រូវ​ដឹង​ជា​ប្រាកដ​ថា បាប​ឯង​រាល់​គ្នា​នឹង​តាម​ឯង​ទាន់”(ជនគណនា ៣២:២៣)។

អំពើ​បាប​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​តែ​មួយ​រយៈ​ពេល​ តែវា​នាំ​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់​ជា​ទី​បំផុត ដោយ​សារ​ការ​ដាច់​ចេញ​ពី​ព្រះ​ជា​ម្ចាស់។ កាល​នោះ លោក​ម៉ូសេ​កំពុង​តែ​រំឭក​រាស្រ្ត​របស់​ព្រះ​ថា គ្មាន​អំពើ​បាប​មួយ​ណា ដែលព្រះ​ជា​ម្ចាស់​មិន​បាន​ជ្រាប​នោះ​ឡើយ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “គ្មាន​អ្វី​កើត​មក ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់”(ហេព្រើរ ៤:១៣)។

ព្រះ​ជាម្ចាស់​ដ៏​បរិសុទ្ធ​នៃ​យើង​ទត​មើល​ឃើញ​អ្វី​ទាំង​អស់​ដែល​យើង​ធ្វើ តែ​ព្រះ​អង្គ​នៅ​តែ​ដាស់​តឿន​យើង​ដោយ​សេចក្តី​ស្រឡាញ់ ឲ្យ​សារភាព​អំពើ​បាប ប្រែ​ចិត្ត​(ងាក​ចេញ​ពី​បាប) ហើយ​ដើរ​ដោយ​សុចរិត ជា​មួយ​ព្រះ​អង្គ​(១យ៉ូហាន…

ព្រះដែលជួយសង្រ្គោះ

គេ​បាន​ចាត់​ទុក​លោក​ដេសម៉ុន(Desmond) “ក្នុង​ចំណោម​មនុស្ស​ដែល​ក្លាហាន​បំផុត” ប៉ុន្តែ គាត់​មិន​ដូច​ជា​អ្វីដែល​អ្នក​ដទៃ​បាន​រំពឹង​គិត​នោះ​ទេ។ លោក​ដេសម៉ុន​គឺ​ជា​ទាហាន ដែល​បាន​បដិសេធ​មិន​ព្រម​កាន់​កាំ​ភ្លើង។ ក្នុង​នាម​ជា​ពេទ្យ​ទាហាន គាត់​បាន​ជួយ​សង្រ្គោះ​ទាហាន​៧៥​នាក់ ដែល​មាន​របួស ដោយ​សែង​ពួក​គេ​ម្តង​មួយ​ៗ​ តែ​ម្នាក់ឯង ចេញ​ពី​សមរភូមិ​ដ៏​ក្តៅ​គគុក ដែល​ក្នុង​ចំណោម​នោះ ក៏​មាន​អ្នក​ដែល​ធ្លាប់​ហៅ​គាត់​ថា ជន​កំសាក និង​បាន​សើចចម្អក​ឲ្យ​សេចក្តី​ជំនឿ​របស់​គាត់​ផង​ដែរ។  ខណៈ​ពេល​ដែល​លោក​ដេស​ម៉ុន​បាន​រត់​ចូល​កន្លែង​ដែល​កំពុង​មាន​ការបាញ់​ដាក់​គ្នា​ជា​ខ្លាំង គាត់​ក៏​បាន​អធិស្ឋាន​ជាប់​ជានិច្ច​ថា “ឱ​ព្រះ​អម្ចាស់ សូម​ជួយ​ទូល​បង្គំ ឲ្យ​អាច​សង្រ្គោះ​ជីវិត​មនុស្ស​ម្នាក់​ទៀត”។ គាត់​ក៏​បាន​ទទួល​មេដាយ​កិត្តិ​យស សម្រាប់​សេចក្តី​ក្លាហាន​របស់​គាត់។​

ព្រះគម្ពីរ​បាន​ប្រាប់​យើង​ថា មនុស្ស​មាន​ការ​យល់​ច្រឡំ​យ៉ាង​ខ្លាំង ចំពោះ​ព្រះ​អង្គ។ ព្រះ​យេស៊ូវ​បាន​យាង​ចូល​ក្នុង​ទីក្រុង​យេរូសាឡិម ដោយ​ជិះ​លើ​ខ្នង​សត្វ​លា ដូច​ដែល​ហោរា​សាការី​បាន​ថ្លែង​ទំនាយ​(៩:៩) ហើយ​ហ្វូង​មនុស្ស​ក៏​បាន​គ្រវី​ធាង​ចាក ដោយ​ស្រែក​ឡើង​ថា “ហូសាណា!”(ដែល​ជា​ការ​ស្រែក​សរសើរ​ដំកើង  មាន​ន័យ​ថា “សង្រ្គោះ”!)។ ពួក​គេ​បាន​ដក​ស្រង់​បទ​គម្ពីរ​ទំនុក​ដំកើង ១១៨:២៦ ដោយ​ស្រែក​ឡើង​ថា “ព្រះអង្គ​ដែល​យាង​មក​ដោយ​ព្រះនាម​ព្រះអម្ចាស់ គឺ​ជា​ស្តេច​នៃ​អ៊ីស្រាអែល ទ្រង់​ប្រកប​ដោយ​ព្រះពរ”(យ៉ូហាន ១២:១៣) ។ ប៉ុន្តែ ខគម្ពីរ​បន្ទាប់ នៅ​ក្នុង​បទគម្ពីរ​ទំនុក​ដំកើង​នោះ បាន​និយាយ​សំដៅ​ទៅ​លើការ​នាំ​យក​ដង្វាយ​មក “ដោយ​មាន​ធាង​ចាក​នៅ​ដៃ” (ទំនុក​ដំកើង ១១៨:២៧)។  ហ្វូង​មនុស្ស នៅ​ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក​១២ បាន​ទន្ទឹង​រង់​ចាំ ស្តេច​នៅ​ផែន​ដី ដែល​នឹង​សង្រ្គោះ​ពួក​គេ​ឲ្យ​រួច​ពី​នឹម​ត្រួត​ត្រា​របស់​ចក្រ​ភព​រ៉ូម៉ាំង ប៉ុន្តែ ព្រះយេស៊ូវ​ទ្រង់​ល្អ​លើស​ស្តេច​នៅ​ផែនដី។ ព្រះ​អង្គ​ជា​ស្តេច​លើអស់​ទំាង​ស្តេច  ហើយ​ជា​ដង្វាយ​របស់​យើង ដែល​ជា​ព្រះ​យក​កំណើត​ជា​មនុស្ស ដោយ​ស្ម័គ្រ​ព្រះ​ទ័យ​ឱប​ក្រសោប​យក​ឈើ​ឆ្កាង…

ព្រះអង្គស្គាល់យើងគ្មានកន្លែងចន្លោះ

មាន​ពេល​មួយ អ្នក​បើក​បរ​ឡាន​សណ្តោង បាន​ទាញ​ឡាន​របស់​ម្តាយ​ខ្ញុំ ចេញ​ពី​មាត់​ជ្រោះ​ដែល​នៅ​ជាប់​នឹង​ផ្លូវ​ចោទមួយ នៅ​លើ​ភ្នំ ហើយ​គាត់​ក៏​បាន​ប្រាប់​ម្តាយ​ខ្ញុំ ឲ្យ​ចាក​ចេញ​ពី​កន្លែង​នោះ ព្រោះ​គេ​កំពុង​តែ​តាម​រក​ខ្ញុំ។ កាល​នោះ ម្តាយ​ខ្ញុំ​កំពុង​តែ​មាន​ផ្ទៃ​ពោះ​កំណើត​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​បាន​ចម្រើន​វ័យ​ធំ​ឡើង ជា​ញឹក​ញាប់ គាត់​បាន​រំឭក​អំពី​ការ​ដែល​ព្រះ​ជា​ម្ចាស់​បាន​សង្រ្គោះ​ជីវិត​យើង នៅ​ថ្ងៃ​នោះ​ ហើយ​គាត់​បាន​បញ្ជាក់​ថា ព្រះ​ជា​ម្ចាស់​បាន​ឲ្យ​តម្លៃ ចំពោះជីវិត​ខ្ញុំ តាំង​ពី​មុន​ពេល​ខ្ញុំ​ចាប់​កំណើត។

គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត ពី​ព្រះ​នេត្រ​របស់​ព្រះ​អាទិករ ដែល​ជ្រាប​អំពី​អ្វី​ៗ​ទាំង​អស់។ កាល​ពី​ជាង​២៥០០​ឆ្នាំមុន ព្រះ​អង្គ​បាន​ប្រាប់​ហោរា​យេរេមា​ថា មុន​ពេល​ព្រះ​អង្គ​ជប់​បង្កើត​គាត់ នៅ​ក្នុង​ផ្ទៃ​ម្តាយ​គាត់ ព្រះ​អង្គ​បាន​ស្គាល់គាត់​រួច​ជា​ស្រេច​ហើយ​(យេរេមា ១:៥)។ ព្រះ​ជា​ម្ចាស់​ស្គាល់​យើង​ច្បាស់​ជាង​មនុស្ស​ណា​ទាំង​អស់ ហើយ​ក៏​ប្រទាន​គោល​បំណង និង​អត្ថ​ន័យ ដល់​ជីវិត​យើង​លើស​ពី​អ្វី​ៗ​ទាំង​អស់។ ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​បង្កើត​យើង​មក ដោយ​ប្រាជ្ញា និង​អំណាច​ចេស្តា​របស់​ព្រះ​អង្គ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​រក្សា​ជីវិត​យើង យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះរឿង​លម្អិត​បំផុត​នៃ​ជីវិត​យើង រាល់​វិនាទី គឺ​រាប់​ចាប់​តាំង​ពី​ចង្វាក់​បេះ​ដូង​របស់​យើង រហូត​ដល់​ដំណើរ​ការ​ដ៏​ស្មុគ្រ​ស្មាញ​នៃ​ខួរ​ក្បាល​យើង។ ស្តេច​ដាវីឌ​បាន​លើក​ឡើង អំពី​របៀប​ដែល​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ឱ​ព្រះអង្គ​អើយ ព្រះដំរិះ​របស់​ទ្រង់​មាន​ដំឡៃ​វិសេសដល់​ទូលបង្គំ​ណាស់​ហ្ន៎”(ទំនុកដំកើង ១៣៩:១៧)។

ព្រះ​ជា​ម្ចាស់​គង់​នៅ​ក្បែរ​យើង​ជា​និច្ច គឺ​នៅ​ជិត​ជាង​អ្វី​ៗ​ទាំង​អស់។ ព្រះ​អង្គ​បាន​បង្កើត​យើង ស្គាល់​យើង ហើយ​ស្រឡាញ់​យើង ហើយ​ព្រះ​អង្គ​សក្តិ​សម​នឹង​ទទួល​ការ​ថ្វាយ​បង្គំ និង​ការ​សរសើរ​ដំកើង​របស់​យើង។​—JAMES BANKS

កន្លែងដែលពិបាកបំផុត

សព្វ​ថ្ងៃ​នេះ លោក​ជែហ្វ(Geoff) ជា​គ្រូ​គង្វាល​យុវជន នៅ​ក្នុង​ទីក្រុង ដែល​គាត់​ធ្លាប់​ញៀន​ថ្នាំ កាល​ពី​មុន។ ព្រះ​ជា​ម្ចាស់​បាន​កែ​ប្រែ​ចិត្ត និង​កាលៈ​ទេសៈ​របស់​គាត់ តាម​របៀប​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍។ គាត់​ថា គាត់​ចង់​ជួយ​ការពារ​ក្មេង​ៗ កុំ​ឲ្យ​ប្រព្រឹត្ត​ខុស និង​ជួប​ការ​ឈឺ​ចាប់ ដែល​គាត់​ធ្លាប់​ឆ្លង​កាត់ ហើយ​ព្រះ​យេស៊ូវ​នឹង​ជួយ​ពួក​គេ​ជាប្រាកដ។ កាល​ពី​មុន ព្រះ​ជា​ម្ចាស់​បាន​រំដោះ​គាត់​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​នៃ​ថ្នាំ​ញៀន ហើយ​ពេល​នេះ​ព្រះ​អង្គ​បាន​ប្រទាន​កិច្ចការ​ដ៏​សំខាន់​ឲ្យ​គាត់​ធ្វើ ទោះ​គាត់​មាន​ប្រវត្តិ​យ៉ាង​ដូច​ម្តេច​ក៏​ដោយ។​

ពេល​ដែល​ក្តី​សង្ឃឹម​ហាក់​ដូច​ជា​រលាយ​អស់ ព្រះ​ជា​ម្ចាស់​អាច​នាំ​ការ​ល្អ​ចេញ​ពី​ស្ថាន​ភាព​ដ៏​អាក្រក់ តាម​របៀប​ដែលយើង​មិន​នឹក​ស្មាន​ដល់។ គេ​បាន​លក់​លោក​យ៉ូសែប ឲ្យ​ធ្វើ​ជា​ទាសករ​នៅ​នគរ​អេស៊ីព្ទ ហើយ​ក្រោយ​មក គេ​ក៏​បាន​ចោទបង្ខូច​គាត់ ហើយ​ចាប់​គាត់​ដាក់​គុក។ គាត់​បាន​ជាប់​គុក​អស់​ជា​ច្រើន​ឆ្នាំ ដោយ​មិន​មាន​នរណា​ម្នាក់​នឹក​ចាំ​ពី​គាត់។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​បាន​លើក​គាត់​ឡើង​វិញ ហើយ​ដាក់​គាត់​នៅ​ក្នុង​មុខ​តំណែង​ដ៏​មាន​អំណាច បន្ទាប់​ពី​ស្តេច​ផារ៉ោន ដែល​នៅទីនោះ គាត់​អាច​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​ជា​ច្រើន រាប់​បញ្ចូល​ទាំង​បង​ប្អូន ដែល​បាន​បោះ​បង់​ចោល​គាត់​ផង​ដែរ។ នៅ​នគរ​អេស៊ីព្ទ លោក​យ៉ូសែប​ក៏​បាន​រៀបការ ហើយ​មាន​កូន។ គាត់​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ទីពីរ​របស់​គាត់​ថា អេប្រាអឹម(ជា​ភាសា​ហេព្រើរ​មាន​ន័យ​ថា “មាន​ផល​ផ្លែ​ទ្វេរ​ជា​ពីរ”) ហើយ​គាត់​ក៏​បាន​ប្រាប់​ថា មូល​ហេតុ​ដែល​គាត់​បាន​ដាក់ឈ្មោះ​ឲ្យ​កូន​ដូច​នេះ គឺ​ដោយ​សារ​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ឲ្យ​គាត់​មាន​កូន ក្នុង​ស្រុក​ដែល​គាត់​ជួប​ទុក្ខ​លំបាក​(លោកុប្បត្តិ ៤១:៥២)។

រឿង​របស់​លោក​ជែហ្វ និង​លោក​យ៉ូសែប កើត​ក្នុង​សម័យ​ខុស​គ្នា​ប្រហែល​បី ទៅ​បួន​ពាន់​ឆ្នាំ តែ​បាន​នាំ​យើង​ងាក​ទៅ​រកសេចក្តី​ពិត​ដែល​មិន​ចេះ​ប្រែ​ប្រួល គឺសេចក្តី​ពិត​ដែល​ថា កន្លែង​ដែល​ពិបាក​បំផុត​ក្នុង​ជីវិត​យើង អាច​ជា​កន្លែង​ដែល​មានជីវ​ជាតិ សម្រាប់​ឲ្យ​ព្រះ​ជា​ម្ចាស់​ជួយ និង​ប្រទាន​ពរ​ដល់​មនុស្ស​ជា​ច្រើន។ សេចក្តី​ស្រឡាញ់ និង​អំណាច​របស់​ព្រះ​អង្គ​សង្រ្គោះ​នៃ​យើង…

មិនចាំបាច់តម្រង់ជួរ ដើម្បីទទួលសេចក្តីស្រឡាញ់

ខ្ញុំ​មាន​ឆ្កែ​មួយ ដែល​ជា​ពូជ​ឆ្កែ​ប្រម៉ាញ់​ឡាប្រាឌ័រ។ ជួន​កាល ពេល​ណា​វា​ចង់​បាន​ការ​ចាប់​អារម្មណ៍​ពី​ខ្ញុំ វា​យក​របស់​អ្វី​មួយ ដែលជា​កម្ម​សិទ្ធិ​របស់​ខ្ញុំ មក​ពាំ​ដើរ​ពី​មុខ​ខ្ញុំ។ ថ្ងៃ​មួយ ពេល​ខ្ញុំ​កំពុង​តែ​សរសេរ នៅ​លើ​តុ នៅ​ពេល​ព្រឹក វា​ក៏​បាន​កញ្ឆក់​កាបូប​លុយ​ខ្ញុំ ហើយ​រត់​ទៅ​បាត់។ ប៉ុន្តែ ពេល​ដែល​វា​ដឹង​ថា ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​សកម្ម​ភាព​របស់​វា វា​ក៏​បាន​ត្រឡប់​មក​រក​ខ្ញុំ​វិញ ដោយ​យក​ច្រមុះ​វា​ញុល​នឹង​ជើង​ខ្ញុំ ដោយ​មាន​កាបូប​លុយ​នៅ​ក្នុង​មាត់​នៅ​ឡើយ ភ្នែក​ក្រឡាប់​ចក្រ និង​កន្ទុយ​បក់​រវិច ដើម្បី​ជំរុញខ្ញុំ ឲ្យ​លេង​ជា​មួយ​វា។

ពេល​ខ្ញុំ​ឃើញ​វា​ប្រើ​ល្បិច​ដូច​នេះ ខ្ញុំ​ក៏​បាន​អស់​សំណើច ប៉ុន្តែ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​ក៏​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​ទាក់​ទាញ​ការចាប់​អារម្មណ៍​ពី​អ្នក​ដទៃ​ផង​ដែរ។ ហេតុ​នេះ​ហើយ ជា​ញឹក​ញាប់ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​មួយ​មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ ប៉ុន្តែ អារម្មណ៍​របស់​ខ្ញុំ​បាន​នៅ​ជាប់​ជា​មួយ​អ្វី​ផ្សេង ហើយ​ថ្ងៃ​ក៏​បាន​កន្លង​ផុត​ទៅ ដោយ​ខ្ញុំ​មិន​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ពួក​គេ។

យើង​ពិត​ជា​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ពេល​ដែល​បាន​ដឹង​ថា ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​មាន​សេចក្តី​ស្រឡាញ់​ដ៏អស្ចារ្យ ដោយ​ព្រះ​អង្គ​អាច​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​ម្នាក់​ៗ តាម​របៀប​ដែល​ជិត​ស្និទ្ធ​បំផុត ដោយ​រាប់​បញ្ចូល​ទាំង​ការ​ប្រទាន​ខ្យល់​ដង្ហើម​ឲ្យ​យើង​រស់​នៅ ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ។ ព្រះ​អង្គ​បាន​សន្យា​ចំពោះ​រាស្រ្ត​របស់​ព្រះ​អង្គ​ថា ​“គឺ​អញ​នេះ​ពិត រហូត​ដល់​ឯង​ចាស់ជរា​ផង អញ​នឹង​បី​ឯង ដរាប​ដល់​ឯង​មាន​សក់​ស គឺ​អញ​បាន​បង្កើត ហើយ​អញ​នឹង​ទទួល​ឯង​ជា​បន្ទុក អើ​អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង”(អេសាយ ៤៦:៤)។

ព្រះ​ជា​ម្ចាស់​តែង​តែ​មាន​ពេល​វេលា សម្រាប់​យើង​ជា​និច្ច។ ព្រះ​អង្គ​ជ្រាប​ច្បាស់​ អំពី​កាលៈ​ទេសៈ​របស់​យើង ទោះ​វា​មាន​ភាព​ស្មុគ្រ​ស្មាញ ឬ​ពិបាក​យ៉ាង​ណា​ក្តី ហើយ​ព្រះ​អង្គ​តែង​តែ​ត្រៀម​ខ្លួន​ជួយ​យើង​ជានិច្ច…

ការបណ្តាលចិត្តឲ្យអធិស្ឋាន

មាន​ពេល​មួយ មិត្ត​ចាស់​របស់​ខ្ញុំ​ម្នាក់​បាន​ផ្ញើ​សារ​មក​ខ្ញុំ​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន នាង​បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​អធិស្ឋាន​ឲ្យ​ខ្ញុំ ជា​ញឹក​ញាប់ ហើយ​នាង​មិន​ដឹង​ថា​មូល​ហេតុ​អ្វី​ទេ។ នាង​ក៏​ផ្ញើ​សារ​នោះ ជា​មួយ​នឹង​រូប​ថត​មួយ​សន្លឹក ដែល​ក្នុង​នោះ ខ្ញុំ​ឃើញ​ក្រដាស់​កត់​ត្រា​មួយ​សន្លឹក ដែល​នាង​បាន​សៀត​នៅ​ក្នុង​ព្រះ​គម្ពីរ​របស់​នាង។ នៅ​លើ​ក្រដាស់​នោះ ខ្ញុំ​ឃើញ​អក្សរ​ដែល​នាង​បាន​សរសេរ​ថា “ខ្ញុំ​នឹង​អធិស្ឋាន​ឲ្យ​លោក​ចេមស៍ ហើយ​នឹក​ចាំ​ពី​គាត់ ក្នុង​ចិត្ត គំនិត និង​ពាក្យ​សម្តី​របស់​ខ្ញុំ”។ នាង​បាន​រក្សា​ទុក​ក្រដាស់​មួយ​សន្លឹក​នេះ អស់​រយៈ​ពេល​៣​ឆ្នំា​ហើយ។

ខ្ញុំ​ក៏​បាន​គិត​អំពី​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ហើយ​ដក​ដង្ហើម​ធំ។ ខ្ញុំ​ក៏​បាន​សរសេរ​សារ​តប​ទៅ​នាង​វិញ ហើយ​ក៏​បាន​សួរ​នាង​ថា តើ​នាង​បាន​ចាប់​ផ្តើម​អធិស្ឋាន​ឲ្យ​ខ្ញុំ ក្នុង​ខែ​ណា។ នាង​ក៏​បាន​ឆ្លើយ​ថា ប្រហែល​ជា​នៅ​ខែ​កក្កដា។​

ខ្ញុំ​នៅ​ចាំ​ថា នៅ​ខែ​នោះ ខ្ញុំ​កំពុង​តែ​រៀប​ចំ​ខ្លួន​ចាក​ចេញ​ពី​ផ្ទះ ដើម្បី​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស។ ខ្ញុំ​ក៏​បាន​ជួប​ប្រទះ​វប្បធម៌​ដែល​ខ្ញុំ​មិន​សូវ​ស្គាល់ និង​ភាសារ​ដែល​ខ្ញុំ​មិន​ចេះ​និយាយ ហើយ​សេចក្តី​ជំនឿ​របស់​ខ្ញុំ បាន​ជួប​បញ្ហា​ប្រឈម​ខ្លាំង​ជាង​ពេល​ណា​ទំាង​អស់។ ពេល​ខ្ញុំ​មើល​ទៅ​ក្រដាស់​កត់​ត្រា​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា នាង​បាន​អធិស្ឋាន​ឲ្យ​ខ្ញុំ​ក្នុង​អំឡុង​ពេល​នោះ។ ដូច​នេះ ខ្ញុំ​បានទទួល​អំណោយ​នៃ​ការ​អធិស្ឋាន​ដ៏​សប្បុរស​ពី​នាង ដោយ​មិន​ដឹង​ខ្លួន។​

សេចក្តី​សប្បុរស​របស់​មិត្ត​ភក្តិ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សាវ័ក​ប៉ុល​ដែល​បាន​ទទួល​ការ​បណ្តាល​ចិត្ត​ឲ្យ​អធិស្ឋាន ឲ្យ​លោក​ធីម៉ូថេ ដែល​ជា​មិត្ត​សំឡាញ់ ជា​សិស្ស​របស់​គាត់ និង​ជា​បេសក​ជន​វ័យ​ក្មេង។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា “ដូច្នេះ ខ្ញុំ​ទូន្មាន​សេចក្តី​នេះ​ជា​មុន​ដំបូង​ថា ចូរ​ពោល​ពាក្យ​អរ​ព្រះគុណ ពាក្យ​ទូល​សូម ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​ឲ្យ​មនុស្ស​ទាំង​អស់”(១ធីម៉ូថេ ២:១)។ សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ “មុន​ដំបូង” ដើម្បី​ប្រាប់​លោក​ធីម៉ូថេ​ឲ្យ​យក​ការ​អរ​ព្រះ​គុណ…